«ខ្ញុំអាចនឹងលាលែងពីក្រុមជាតិ បើសិនមិនជួយឲ្យកម្ពុជា ឡើងទៅវគ្គចែកពូល នៅ AFF Suzuki Cup 2016។» នេះជាសម្ដី របស់គ្រូបង្វឹកជម្រើសជាតិ Lee Tae Hoon បង្ហើបប្រាប់ Sport Refresh។
ក្រោយឈ្នះសិង្ហបុរីជាកំណត់ត្រាថ្មីរបស់កម្ពុជា ប៉ុន្តែអ្វីដែលផ្ដោតសំខាន់គឺវគ្គជម្រុះ AFF Suzuki Cup ដែលរៀបចំនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ ២១ តុលា ខាងមុខ។
លោកនឹងបន្តពិភាក្សាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាអំពីគម្រោងទៅហ្វឹកហាត់នៅក្រៅប្រទេសយ៉ាងហោច ជិត មួយខែដែរ។ លោកបញ្ជាក់ថា បើគម្រោងមិនបានសម្រេច ១០០% ក៏ត្រូវតែព្យាយាមធ្វើដែរ ដើម្បីសម្រេចគោលដៅរបស់លោកក្នុងការចូលកាន់តំណែង ២ ដងនៅក្រុមជម្រើសជាតិ។
កាលដឹកនាំវគ្គជម្រុះ ឆ្នាំ ២០១០ មាន៥ពិន្ទុ ស្មើនឹងហ្វីលីពីន និង ឡាវ តែចាញ់គ្រាប់បាល់ស៊ុតបញ្ចូលទី។ ពេលនោះ ហ្វីលីពីន និង ឡាវជាអ្នកឡើងដល់វគ្គបន្ត។ វគ្គជម្រុះ ឆ្នាំ ២០១៤ កម្ពុជា (៦ពិន្ទុ) ឈ្នះ ២ ប្រកួត ចាញ់ពិន្ទុ ឡាវ (៩ពិន្ទុ) ស្របពេលមីយ៉ាន់ម៉ា (៩ពិន្ទុ) នៅកំពូលតារាង។ ពេលនោះ មីយ៉ាន់ម៉ា និង ឡាវ ឡើងទៅវគ្គចែកពូល។
វគ្គជម្រុះឆ្នាំ ២០១៦ នេះមាន ៤ ក្រុម ដូចជា កម្ពុជា ឡាវ ប្រ៊ុយណេ និង ទីម័រខាងកើត ដែលក្នុងយកតែមួយក្រុមប៉ុណ្ណោះទៅវគ្គចែកពូល។ នេះជាហេតុផលដែល លោក Lee Tae Hoon ត្រូវជម្នះ ចំពេលដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះផង។
ចុចអានអត្តបទពាក់ព័ន្ធ កម្ពុជាបើកឆាកប៉ះឡាវក្នុងវគ្គជម្រុះ AFF Suzuki Cup 2016 នាខែតុលា
យ៉ាងណាក្ដី Lee Tae Hoon ជាមនុស្សទី១ដែលដឹកនាំជម្រើសជាតិឈ្នះ សិង្ហបុរី ក្នុងរយៈពេល ៤៣ ឆ្នាំមកនេះ។ ជ័យជម្នះជាប្រវត្តិសាស្ត្រនេះត្រូវ វិបសាយល្បីៗ ចុះផ្សាយពេញឆាកអន្តរជាតិ។
លើសនេះ គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះបានជួយឲ្យកម្ពុជា ឡើងដល់វគ្គជម្រុះ World Cup ជាលើកដំបូង ទោះចាញ់ទាំងអស់នៃការប្រកួតក្នុងពូល កាលឆ្នាំ ២០១៥ ក៏ដោយ។ ក្នុងនោះជាឱកាសដំបូងដែលជើងខ្លាំង ជម្រើសជាតិសាម៉ូរ៉ៃ ជប៉ុន មកលេងទឹកដីកម្ពុជលើកទី១ដែរ។
លោក Lee Tae Hoon ចូលដឹកនាំជម្រើសលើកទី ខែ សីហា ២០១០ ដល់ ខែឧសភា ឆ្នាំ ២០១២ និង លើកទី២ ខែ កញ្ញា ឆ្នាំ ២០១៣ រហូតដល់បច្ចុប្បន្ន៕

No comments:
Post a Comment