ជាក់ស្តែងតាមប្រភពព័ត៌មាន Business Insider បានធ្វើបទសំភាសន៍ ជាមួយក្មេងប្រុសជនជាតិអាមេរិកកាំងម្នាក់ មានឈ្មោះ Temper Thompson មានអាយុទើបតែ ១៧ឆ្នាំ ប៉ុន្តែជាក្មេងប្រុសវ័យជំទង់ដ៏ជោគជ័យម្នាក់ តាមរយៈ ការលក់មេរៀននៅវេបសាយរបស់ខ្លួន អំពីវិធីសាស្ត្រសំរាប់អ្នកមានបំណងរកលុយ ដោយការលក់សៀវភៅ តាមអនឡាញ (Kindle Publishing) បានធ្វើឲ្យក្មេងប្រុសនេះ អាចរកប្រាក់ចំណូលរហូតដល់ទៅ ៣០,០០០ ដុល្លារអាមេរិកក្នុង១ខែឯណោះ ក្នុងពេលបច្ចុប្បន្ននេះ។ តាមរយៈបទពិសោធន៍ដ៏ជោគជ័យនេះ Temper បានប្រាប់ថា រូបគេមានមេរៀនជីវិត ចំនួន៥យ៉ាង ដែលធ្វើឲ្យរូបគេ មានភាពជោគជ័យបែបនេះ។ តាមដាននៅខាងក្រោមទាំងអស់គ្នា៖

Temper Thompson
១. ចាប់ផ្តើមធ្វើសកម្មភាព
Temper បានប្រាប់ថា មេរៀនដំបូងដែលអ្នកត្រូវធ្វើ គឺអ្នកត្រូវតែដាក់សកម្មភាពអ្វីមួយ ហើយត្រូវតែធ្វើវា។ «មនុស្សជាច្រើនបាននិយាយពីអ្វីដែលពួកគេចង់ធ្វើ ប៉ុន្តែពួកគេមិនដែលធ្វើវានោះទេ» Temper បានលើកឡើង។ រូបគេបន្ថែមថា ប្រសិនបើអ្នកមិនធ្វើសកម្មភាពអ្វីនោះទេ អ្នកនឹងមិនជោគជ័យនោះទេ។ មនុស្សគ្រប់គ្នា មានការគិត ហើយការគិតទាំងនោះ នៅជាប់ជាមួយយើងគ្រប់ពេល ដូច្នេះទាញយកការគិតទាំងនោះ មកធ្វើសកម្មភាព។
២. កុំខ្លាចភាពបរាជ័យ
មេរៀនទី២ គឺកុំភ័យខ្លាចភាពបរាជ័យ ពីព្រោះកំហុសតែងតែកើតមាន។ Temper បាននិយាយថា ខ្លួនបានឆ្លងកាត់នូវកំហុសយ៉ាងច្រើន នៅពេលចាប់ផ្តើមអាជីវកម្មតាមអនឡាញ ទំរាំតែអាចជោគជ័យមកទល់ពេលនេះ។ Temper បន្ថែមទៀតថា មនុស្សជាច្រើនបានព្យាយាម ហើយក៏បរាជ័យ និងបោះបង់ចោល ដែលវាគ្មានអ្វីជាចម្ងល់ទេដែលពួកគេ មិនដែលទទួលបានការជោគជ័យ។ ការរៀនពីកំហុសគឺជាគុណសម្បត្តិ អាចធ្វើឲ្យអ្នកកាន់តែវិវឌ្ឍន៍ខ្លួនកាន់តែប្រសើរឡើង។
៣. បន្តការផ្តោតយកចិត្តទុកដាក់
ក្នុងចំនុចនេះ Temper បាននិយាយថា អ្វីដែលមានឥទ្ធិពលបំផុត ដែលអ្នកអាចធ្វើបានជោគជ័យនោះ គឺផ្តោតការយកចិត្តទុកដាក់លើរឿងអ្វីមួយឲ្យប្រាកដ ហើយអ្នកកាន់តែអាចលូតលាស់ នៅពេលអ្នកនៅតែបន្តយកចិត្តទុកដាក់លើការងារអ្វីមួយនោះជាប្រចាំ។
៤. នៅជុំវិញមនុស្សមានសុទិដ្ឋិនិយម
Temper និយាយថា អ្នកត្រូវតែមានទំនាក់ទំនងដ៏ត្រឹមត្រូវ គឺជាទំនាក់ទំនងមួយ ដែលតែងតែជួយជ្រោមជ្រែង លើកទឹកចិត្ត និងលើកតម្កើងអ្នក ហើយប្រសិនបើអ្នកមានទំនាក់ទំនង ឬសេពគប់ជុំវិញខ្លួនអ្នក ជាមួយមនុស្សមានគំនិតអវិជ្ជមាន និងមិនជោគជ័យ ពួកគេនឹងទាញអ្នកឲ្យចុះមកក្រោម និងមិនជោគជ័យដូចពួកគេជាមិនខាន។
៥. ត្រូវបន្តឆ្ពោះទៅមុខមិនត្រូវនៅស្កប់ស្កល់តែមួយកន្លែង
Temper បានប្រាប់ថា អ្នកត្រូវតែបន្តឆ្ពោះទៅមុខជានិច្ច។ Temper បានពង្រីកជំនួញតាមអនឡាញ ដោយចាប់ផ្តើមដំបូងរកចំណូលបានតែ ១០០ដុល្លារក្នុងមួយខែប៉ុណ្ណោះ តែការពុះពារឆ្ពោះទៅមុខ បានជួយ Temper រកឃើញឱកាស បន្តការងារនេះទៅមុខទៀត និងអាចរកបានចំណូលរហូតដល់ ១,០០០ដុល្លារក្នុងមួយខែ។ ប៉ុន្តែក្មេងប្រុសនេះ មិនឈប់ត្រឹមនេះទេ រូបកេនៅតែបង្កើនជំនួញមួយនេះ រហូតដល់អាចរកបានចំនួន ១០,០០០ដុល្លារ ក្នុងមួយខែ។ យ៉ាងណាមិញ គោលបំណងរបស់ Temper ចង់រកឲ្យបាន ១០ម៉ឺនដុល្លារក្នុងមួយខែ។ រូបគេបាននិយាយថា មនុស្សជាច្រើនបានសម្រេចបំណងប្រាថ្នារបស់ខ្លួន ហើយសប្បាយរីករាយនូវអ្វីដែលពួកគេមាន ប៉ុន្តែប្រសិនបើពួកគេ មិនរីករាយនូវអ្វីដែលនៅតែមួយកន្លែង ពួកគេនឹងអាចបន្តក្តីស្រមៃ និងគោលដៅធំបន្តទៅមុខទៀត ហើយអាចលូតលាស់ច្រើនជាងមុនបន្ថែមទៀតដែរ៕
No comments:
Post a Comment